បុរសម្នាក់គិតខ្លីទៅលោតទឹកសម្លាប់ខ្លួនដោយសារតែប្រពន្ធហាមមិនអោយផឹកស្រាច្រើនពេក | Khmer-note.com

បុរសម្នាក់គិតខ្លីទៅលោតទឹកសម្លាប់ខ្លួនដោយសារតែប្រពន្ធហាមមិនអោយផឹកស្រាច្រើនពេក

ភ្នំពេញ៖ បុរសម្នាក់ផឹកស្រាវស្រវឹងឈ្លោះប្រកែកជាមួយប្រពន្ធមន្តិចបន្តួច គិតខ្លីទៅលោតទឹកសម្លាប់ខ្លួននៅស្ពានព្រះមុនីវង្សចាស់ (ស្ពានច្បារអំពៅ) បង្ករអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមមើលយ៉ាងច្រើនកុះករកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចស្ពានព្រះមុនីវង្សចាស់ (ស្ពានច្បារអំពៅ) ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពពត៌មានពីស្ត្រីម្នាក់ឈ្មោះ ផាន់ សុផាណា អាយុ៥៣ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះបានអោយដឹងថា នៅល្ងាចថ្ងៃកើតហេតុ ជនរងគ្រោះជាប្តីរបស់គាត់បានទៅផឹកស្រាថ្នាំនៅក្បែរផ្ទះអស់១ពាន់រៀល ក្រោយមកគាត់បានទៅហៅប្តីអោយមកហូបបាយជុំគ្នានៅផ្ទះ និងបាននិយាយប្រាប់ប្តីថាកុំអោយផឹកស្រាច្រើនពេក ព្រោះមានជម្ងឺប្រចាំកាយផង គ្រាន់តែនិយាយរួច ប្តីរបស់គាត់ហាក់មានការខឹងសម្បារនិងបង្ករជារឿងឈ្លោះប្រកែកទាស់សម្តីគ្នាបន្តិចបន្តួច មួយសន្ទុះក្រោយមកជនរងគ្រោះបានរត់ទៅលោតទឹកសម្លាប់ខ្លួននៅលើស្ពានច្បារអំពៅបង្ករអោយមានការភ្ញាក់ផ្អើលតែម្តង។ ប្រភពដដែលបានអោយដឹងដែរថាជនរងគ្រោះខាងលើមានឈ្មោះ ស៊ុន រ៉ាន់ អាយុ៥៥ឆ្នាំ មុខរបរជាកម្មករលើកដែក ស្នាក់នៅក្នុងភូមិព្រែក សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ក្រោយកើតហេតុប្រជាពលរដ្ឋ និងសាច់ញាតិជនរងគ្រោះបាននាំគ្នាចេញទូករាវរកជនរងគ្រោះនៅជុំវិញកន្លែងកើតហេតុអស់រយៈពេលជាង១ម៉ោងតែរកមិនឃើញ ចំណែកក្រុមគ្រួសារបានត្រឹមស្រែកទ្រហ៊ោយំពេញលើស្ពាន រហូត៣ម៉ោងក្រោយទើបសាកសពជនរងគ្រោះអណ្តែតឡើងមក ត្រូវបានក្រុមគ្រួសារជួលទូកអូសសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

facebook-feature

 

មតិ