ស្គាល់​គ្នា​បាន​កន្លះ​ខែ​តាម​រយៈហ្វេស​បុក សុំ​ធ្វើ​សង្សារ​បែក​គំនិត​បោក​យក​ម៉ូតូ​នារី​ជា​សង្សារ​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់ | Khmer-note.com

ស្គាល់​គ្នា​បាន​កន្លះ​ខែ​តាម​រយៈហ្វេស​បុក សុំ​ធ្វើ​សង្សារ​បែក​គំនិត​បោក​យក​ម៉ូតូ​នារី​ជា​សង្សារ​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់

កណ្ដាលៈ បុរសម្នាក់បានស្គាល់នារីប្រមាណកន្លះខែតាមរយៈហ្វេសបុក សុំធ្វើសង្សារដោយកុហកថា ខ្លួនគ្មានប្រពន្ធកូនទេរហូតនារីរងគ្រោះជឿទុកចិត្ដព្រមទទួល ក្រោយមកបែកគំនិតបោកយកម៉ូតូនារីគ្រោះដែលជាសង្សារយកទៅលក់ត្រូវសមត្ថកិច្ចនគរបាលស្រុកកោះធំសហការជាមួយសមត្ថកិច្ចនគរបាលស្រុកស្អាង ធ្វើការចាប់ខ្លួនជនសង្ស័យនៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង វិសាល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ មានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល រីឯនារីគ្រោះឈ្មោះ ស៊ាវ ស្រីនាង ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។ ដោយឡែកសម្ភារៈដកហូតបានមកវិញម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១១ ឡើងតែមឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលមានលេខតួ និងលេខម៉ាស៊ីន 8599339 ។

ប្រភដដែលបន្ដថា ជនសង្ស័យនិងជនរងគ្រោះបានស្គាល់គ្នាអស់រយៈពេលប្រមាណកន្លះខែហើយតាមរយៈហ្វេសបុក ដោយខាងប្រុសជាជនសង្ស័យបានកុហកនារីរងគ្រោះថា ខ្លួនគ្មានប្រពន្ធកូនទេ ដោយប្រកបរបររកស៊ីលក់គ្រឿងសមុទ្រនៅខេត្ដព្រះសីហនុ (កំពុងសោម) ដោយការកុហកនោះបានធ្វើឲ្យនារីរងគ្រោះមានជំនឿជឿទុកចិត្ដលើជនសង្ស័យនិងយល់ព្រមស្រលាញ់ជនសង្ស័យធ្វើជាសង្សារ ។

រហូតមកដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យបានមកលេងផ្ទះនារីរងគ្រោះដោយបានទិញគ្រឿងសមុទ្រយ៉ាងច្រើនដើម្បីឲ្យដឹងថាខ្លួនពិតជាអ្នកលក់គ្រឿងសមុទ្រប្រាកដមែន និងបានធ្វើអាហារហូបជុំគ្នាជាមួយក្រុមគ្រួសារខាងស្រីរួចក៏ត្រឡប់ទៅផ្ទះវិញ ។ លុះមកដល់ថ្ងៃទី១១ ខែឆ្នាំដដែលជនសង្ស័យបានមកលេងជនរងគ្រោះម្ដងទៀត ដោយបានណាត់ជួបគ្នាត្រង់ចំណុចវត្តកំពង់គរ ស្ថិតក្នុងភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ភ្លាមនោះជនរងគ្រោះក៏បានយកម៉ូតូរបស់ខ្លួនមកដឹកជនរងគ្រោះដើរលេងក្នុងវត្ដទួលព្រះរាជា ហើយបានបន្ដទៅលេងផ្ទះឈ្មោះ ចាន់ថន (ហៅរស្មី) ស្ថិតក្នុងភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ដែលជាមេជាងសម្អាងការរបស់ជនរងគ្រោះ ។

រហូតមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃខែឆ្នាំកើតហេតុដដែល ជនសង្ស័យបានឃើញម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅរបស់ឈ្មោះ ចាន់ថន(ហៅរស្មី)ជាមេជាងសម្អាងការ ភ្លាមនោះបានប្រើល្បិចកុហកសង្សាខ្លួនថា មានការត្រូវប្រញ៉ាប់ទៅភ្នំពេញវិញ ហើយជនសង្ស័យបានឲ្យនារីរងគ្រោះជាសង្សារទៅខ្ចីម៉ូតូរបស់ឈ្មោះ ចាន់ថន(ហៅរស្មី)ជិះវិញ ដោយម៉ូតូនោះមានកញ្ចក់ត្រឹមត្រូវងាយស្រួលជិះចូលក្នុងរាជធានីភ្នំពេញ រួចហើយជនរងគ្រោះនិងជនសង្ស័យបានជិះឌុបគ្នាទៅភ្នំពេញជាមួយគ្នាតែម្ដង ។

ខណៈមកដល់ភ្នំពេញជនសង្ស័យបានប្រើល្បិចកុហកជនរងគ្រោះទៀតថា ខ្លួនត្រូវការម៉ូតូដើម្បីទៅយកឥវ៉ាន់ដែលគេផ្ញើមកឲ្យ ដោយឲ្យជនរងគ្រោះរងចាំនៅហាងកាហ្វេមួយកន្លែងក្បែរវិមានឯករាជ្យសិន ហើយជនសង្ស័យក៏បានជិះម៉ូតូចេញទៅបាត់ ។ លុះរយៈពេលក្រោយមកជនរងគ្រោះបានរងចាំយូរមិនឃើញជនសង្ស័យត្រឡប់មកវិញហើយទូរស័ព្ទទំនាក់ទំនងពុំបានទៀតនោះ ក៏ត្រលប់មកផ្ទះវិញ ។

ប្រភដដែលបានបន្ដទៀតថា រហូតមកដល់ថ្ងៃទី១៨ ខែឆ្នាំដដែល វេលាម៉ោង ០៩និង ៣០នាទី នៅតែមិនឃើញជនសង្ស័យយកម៉ូតូមកឲ្យក៏មានការសង្ស័យបោកប្រាស់យកម៉ូតូរបស់ខ្លួន ទើបមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីជួយស្វែងរកចាប់ខ្លួន ។ ក្រោយពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានស្រាវជ្រាវរហូតបានទទួលព័ត៌មានថា ជនសង្ស័យកំពុងរស់នៅក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ភ្លាមនោះកម្លាំងនគរបាលស្រុកកោះធំបានសហការជាមួយកម្លាំងនគរបាលស្រុកស្អាង ចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង វិសាល និងបានដកហូតម៉ូតូដែលជនសង្ស័យឆបោកយកទៅនោះមកវិញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ខ្លួនបានពិតជាបានបោកជនសង្ស័យយកម៉ូតូពិតប្រាកដមែន បន្ទាប់មកខ្លួនក៏យកម៉ូតូនោះទៅកាច់ស្លាកលេខចោល រួចដម្លើងតែមស៊េរីឆ្នាំ២០១៥ ហើយបានយកម៉ូតូនោះទៅលក់បន្ដទៀត ៕ដោយៈគង់ សុងហៃ

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

4-40-copy

មតិ