រាជធានីភ្នំពេញ ៖ ជនរងគ្រោះម្នាក់របួសធ្ងន់ ម្នាក់ទៀតរបួសស្រាល ខណៈពេលនាំគ្នាទៅដើរលេង ស្រាប់តែមានជនបង្កមួយក្រុម មានគ្នា ៥នាក់ កំពុងអង្គុយផឹកស្រា នៅមុខបារបារាំង បានយកថូស្រា មកវាយ បណ្តាលឲ្យបែកក្បាល ហូរឈាមម្នាក់ រីឯម្នាក់ទៀត រត់គេចខ្លួន ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ កុម្ភៈ តាមផ្លូវលេខ៥១ ម្តុំផ្សារសូរិយាម៉ល ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
ជនរងគ្រោះរបួសធ្ងន់ឈ្មោះ គឹម រ័ត្ន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករលីសែងឥវ៉ាន់នៅផ្សារថ្មី មានស្រុកកំណើតនៅភូមិផ្សារដងកោង ឃុំរកាក្នុង ស្រុកដូនកែវ ខេត្តតាកែវ ។
ចំណែកម្នាក់ទៀតរ ងរបួសស្រាល មានឈ្មោះ រឿង លីដា ភេទប្រុស អាយុ ២៣ឆ្នាំ ធ្វើការជាមួយគ្នា មានស្រុកកំណើតនៅភូមិគ្រា ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំងពីរនាក់នាំគ្នាទៅដើរលេង ខណៈពេលដើរមកដល់ចំណុចខាងលើ ស្រាប់ តែមានជនបង្កមួយក្រុម មានគ្នា ៥នាក់កំពុងអង្គុយផឹកស៊ីនៅមុខបារបារាំង បានយកថូស្រាមកវាយក្បាលពួកគេ ឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ដោយសាររត់គេចទាន់ ។ បន្ទាប់ពីវាយធ្វើឲ្យ រងរបួសហូរឈាមកក្លាក់ហើយ ជនបង្កបាននាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់អស់ ។
ប្រភពដដែលបន្តទៀតថា ពួកគេមិនដែលស្គាល់គ្នា ជាមួយជនបង្កទេ មិនដឹងមូលហេតុអី បានជានាំគ្នាមកព្រួតវាយពួកគេបែបនេះទេ ។ ក្រោយពេលកើតហេតុ បានអ្នកឃើញហេតុការណ៍ទូរស័ព្ទហៅរថយន្តសង្រ្គោះដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ ៕

ប្រភព៖ អង្គរធំមេឌា
សូមជួយផ្តល់មតិ និងចែករំលែក
Powered by Facebook Comments







